
កាលបរិច្ឆេទ: ០៨ កក្កដា ២០២៥ / សុខភាព / Author : ATH Sokren
ប្រធានបទដ៏ក្តៅគគុកទាក់ទងនឹងបទប្បញ្ញតិ្តនៃវិស័យឧស្សាហកម្មឱសថ និងការទទួលបានសេវាព្យាបាលប្រកបដោយគុណភាពត្រូវបានលើកយកមកពិភាក្សាច្រើនជាងគេ។ អ្នកល្បីៗជាច្រើនរូបនៅក្នុងវិស័យនេះមានដូចជា សាស្រ្តាចារ្យ Babacar Mbengue សាស្រ្តាចារ្យ Daouda Ndiaye សាស្រ្តាចារ្យ Mansour Gueye សាស្រ្តាចារ្យ Mamadou Fall និងសាស្រ្តាចារ្យ Adama Diédhiou ព្រមទាំងរដ្ឋមន្ត្រី Abdourahmane Diouf និង រដ្ឋមន្ត្រី Ibrahima Sy បានលើកឡើងពីបញ្ហាប្រឈមទាក់ទងនឹងការចែកចាយឱសថ និងការបណ្តុះបណ្តាលអ្នកជំនាញ។
ប្រធានគណៈឱសថការីបានអំពាវនាវជាពិសេសឱ្យរដ្ឋមន្រ្តីក្រសួងអប់រំពិនិត្យឡើងវិញនូវលក្ខណៈវិនិច្ឆ័យក្នុងការផ្តល់សញ្ញាបត្រឱសថការី ដោយវាយតម្លៃថាតួនាទីរបស់ឱសថការីមិនមែនគ្រាន់តែធ្វើការនៅក្នុងឱសថស្ថានប៉ុណ្ណោះទេ។ ករណីទីក្រុង Touba ដែល៨៤% នៃប្រជាជនទិញថ្នាំនៅតាមហាងទំនិញតាមផ្លូវ ត្រូវបានលើកឡើងថាជាបញ្ហាប្រឈមចម្បងផ្នែកសុខភាពសាធារណៈ។
ក្នុងចំណោមក្រុមហ៊ុនតាំងពិព័រណ៍ សហគ្រាសផលិតឱសថប៉េប៉េអឹមក៏មានវត្តមានផងដែរដោយបានតាំងបង្ហាញផលិតផលចម្បងរបស់ខ្លួនមានដូចជា ផលិតផល KEM ថ្នាំវីតាមីន B-VIT FORT ថ្នាំក្អក CARBOTOUX ថ្នាំបំបាត់ការឈឺចាប់ KINAL CODEINE ថ្នាំ KINAFON ថ្នាំ GYNOMAX ថ្នាំបញ្ចុះកម្តៅ PANOL និងថ្នាំផ្តាសាយ RHINEX។ ផលិតផលខេមប្រូប៊ីយ៉ូទិកទទួលបានចំណាប់អារម្មណ៍ខ្លាំងជាងគេ ជាពិសេសពីសំណាក់លោកសាស្រ្តាចារ្យ Babacar Mbengue មកពីសាកលវិទ្យាល័យ UCAD ដោយលោកបានសុំឱ្យមានការពន្យល់ឱ្យបានក្បោះក្បាយពីគុណប្រយោជន៍របស់ផលិតផលនេះ។ ចំណែកឯសាស្រ្តាចារ្យ និងអ្នកជំនាញជាច្រើនរូបទៀតក្នុងនោះមានវេជ្ជបណ្ឌិត Mohammed មកពី Malika និងតំណាងមកពីសាលា ENDESS ក៏ទទួលស្គាល់ពីប្រសិទ្ធភាពរបស់ផលិតផលខេមប្រូប៊ីយ៉ូទិកផងដែរ។
ឱសថការី និស្សិត និងគ្រូពេទ្យជាច្រើនបានចូលទស្សនាស្តង់របស់សហគ្រាសផលិតឱសថប៉េប៉េអឹម ដែលជាឱកាសដ៏ល្អធ្វើឱ្យគេស្គាល់សហគ្រាសប៉េប៉េអឹមកាន់តែច្រើន និងអាចបង្កើតទំនាក់ទំនងថ្មីៗជាមួយអ្នកជំនាញផ្នែកសុខភាព។ វគ្គពន្យល់ពីអតិសុខុមប្រាណនៅក្នុងពោះវៀន និងពីសារសំខាន់នៃប្រូប៊ីយ៉ូទិកត្រូវបានរៀបចំឡើងសម្រាប់និស្សិតផ្នែកឱសថស្ថាន ក្នុងបំណងចូលរួមចំណែកក្នុងការបណ្តុះបណ្តាល និងចែករម្លែកព័ត៌មានទៅដល់និស្សិតទាំងអស់នោះដែលនឹងក្លាយជាតួអង្គសំខាន់ក្នុងវិស័យសុខាភិបាលនៅថ្ងៃអនាគត។
ការចូលរួមក្នុងពិព័រណ៍ SENPHARMA បានផ្តល់ឱកាសឱ្យសហគ្រាសផលិតឱសថប៉េប៉េអឹមធ្វើការផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងស្វែងរកដៃគូសហការថ្មីៗ ជាពិសេសជាមួយសមាគមនិស្សិតផ្នែកវេជ្ជសាស្រ្ត និងឱសថសាស្រ្តនៅទីក្រុងដាកា និងទីក្រុង Thiès។ សាស្រ្តាចារ្យមកពីពីសាលា ENDESS ក៏បានបង្ហាញពីចំណាប់អារម្មណ៍ចង់សហការជាមួយសហគ្រាសផលិតឱសថប៉េប៉េអឹមទាក់ទងនឹងផលិតផលខេមប្រូប៊ីយ៉ូទិកនេះដែរ។
ពិព័រណ៍ SENPHARMA ជាកន្លែងសម្រាប់បង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ និងសម្រាប់ពិភាក្សាជុំវិញបញ្ហាប្រឈមនាពេលបច្ចុប្បន្ននៃវិស័យឧស្សាហកម្មឱសថនៅប្រទេសសេណេហ្កាល់។ សម្រាប់សហគ្រាសផលិតឱសថដូចសហគ្រាសប៉េប៉េអឹម ពិព័រណ៍នេះគឺជាឱកាសដ៏ល្អតែមួយគត់ដើម្បីជួបជាមួយដៃគូសហការថ្មីៗ ឃ្លាំមើលគូប្រជែង និងពង្រឹងវត្តមានរបស់ខ្លួននៅលើទីផ្សារជាតិ និងនៅតំបន់៕